បុរសសិង្ហបុរីម្នាក់នេះបានព្យាយាមលួច Bitcoin ដែលមានតម្លៃជាង 260 លានដុល្លារនៅក្នុងសហរដ្ឋអាមេរិក

Malone Lam ជនជាតិសិង្ហបុរីមានអាយុ 22 ឆ្នាំ បានសារភាពកំហុសនៅក្នុងតុលាការសហរដ្ឋអាមេរិកពីបទឃុបឃិតគ្នាប្រព្រឹត្តការក្លែងបន្លំ និងលាងលុយកខ្វក់។ គាត់ត្រូវបានចោទប្រកាន់ពីបទដឹកនាំការលួចរូបិយប័ណ្ណឌីជីថលផងដែរ.
Malone Lam បានសារភាពនៅក្នុងតុលាការសហព័ន្ធសហរដ្ឋអាមេរិកនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ចំពោះការចោទប្រកាន់ពីបទឃុបឃិតគ្នាប្រព្រឹត្តសកម្មភាពឧក្រិដ្ឋក្រោមច្បាប់ RICO បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទដឹកនាំការលួចរូបិយប័ណ្ណឌីជីថលកម្រិតទ្រង់ទ្រាយធំដោយបានលួចប្រាក់ឌីជីថលជាង 260 លានដុល្លារពីជនរងគ្រោះជាច្រើននាក់។
ក្រសួងយុត្តិធម៌របស់សហរដ្ឋអាមេរិកបានបញ្ជាក់ថា លោក Malone Lam និងបក្ខពួករបស់គេបានចាប់ផ្តើមសកម្មភាពលួចនៅក្នុងខែតុលា ឆ្នាំ២០២៣ ហើយបន្តរហូតដល់ខែឧសភា ឆ្នាំ២០២៥ ដោយជនសង្ស័យមកពីរដ្ឋផ្សេងៗគ្នា រួមមានរដ្ឋកាលីហ្វ័រញ៉ា រដ្ឋខនណេធីក ញូវយ៉ក និងរដ្ឋផ្លរីដា ក៏ដូចជាបុគ្គលនៅខាងក្រៅសហរដ្ឋអាមេរិក ដោយពួកគេបានធ្វើការទំនាក់ទំនងគ្នាតាមរយៈវេទិកាហ្គេមអនឡាញ។

រាជអាជ្ញាបានកំណត់អត្តសញ្ញាណលោក Lam ដែលបានប្រើឈ្មោះក្លែងក្លាយអនឡាញដូចជា “Anne Hathaway,” “$$$,” និង “King Greavy,” ជាមេដឹកនាំ ដែលទទួលខុសត្រូវក្នុងការកំណត់អត្តសញ្ញាណគោលដៅ និងសម្របសម្រួលភារកិច្ចក្នុងចំណោមសមាជិកក្រុម។ ពួកគេបានកំណត់គោលដៅបុគ្គលដែលកាន់រូបិយប័ណ្ណគ្រីបតូក្នុងបរិមាណច្រើន។
ក្រុមពួកគេបានប្រើប្រាស់វិធីសាស្ត្រមួយដែលគេស្គាល់ថាជា “វិស្វកម្មសង្គម” ដោយក្លែងបន្លំជាបុគ្គលិករបស់ក្រុមហ៊ុនដែលទុកចិត្ត រួមទាំង Google ដើម្បីបញ្ឆោតជនរងគ្រោះឱ្យបង្ហាញព័ត៌មានព័ត៌មានផ្ទាល់ខ្លួនដូចជាពាក្យសម្ងាត់ ឃ្លាសង្គ្រោះកាបូបគ្រីបតូ និងលេខកូដផ្ទៀងផ្ទាត់។ នៅពេលដែលព័ត៌មានត្រូវបានទទួល សមាជិករបស់ក្រុមអាចចូលប្រើកាបូបឌីជីថល និងផ្ទេររូបិយប័ណ្ណគ្រីបតូបាន។
ឯកសារសំណុំរឿងបង្ហាញថាក្រុមរបស់លោក Lam ក៏បានលួចចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះជាប្រចាំផងដែរដើម្បីស្វែងរកព័ត៌មានដែលអាចប្រើដើម្បីចូលប្រើកាបូបគ្រីបតូ និងដកប្រាក់ពីគណនីរបស់ជនរងគ្រោះ។
ការលួចដ៏ធំបំផុតមួយបានកើតឡើងនៅក្នុងខែសីហា ឆ្នាំ២០២៤ នៅពេលដែលលោក Lam និងបក្ខពួករបស់គេបានលួច Bitcoin ជាង ៤១០០ ពីជនរងគ្រោះម្នាក់នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ដែលមានតម្លៃប្រហែល ២៣០ លានដុល្លារ នៅពេលនោះ Lam ត្រូវបានចាប់ខ្លួននៅក្នុងខែកញ្ញា ឆ្នាំ២០២៤ ត្រឹមតែប៉ុន្មានសប្តាហ៍បន្ទាប់ពីហេតុការណ៍នេះបានកើតទ្បើង។
បន្ទាប់ពីការលួច ក្រុមនេះបានព្យាយាមលាក់បាំងលំហូរនៃប្រាក់ឌីជីថលដោយការលាងលុយឌីជីថលដែលលួចបាន ហើយប្តូរវាទៅជាកាតចាយវាយ ឬសាច់ប្រាក់ផ្សេងៗ តែទោះជាយ៉ាងណាក៏ដោយរបៀបរស់នៅដ៏ហ៊ឺហារបស់លោក Lam បានធ្វើអោយអាជ្ញាធរសង្ស័យ។

ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបាននិយាយថា លោក Lam និងបក្ខពួករបស់គាត់បានប្រើប្រាស់ប្រាក់ដែលលួចគេបានយកទៅទិញរថយន្តប្រណីត ជាច្រើនគ្រឿង ដែលខ្លះមានតម្លៃរហូតដល់ ៣,៨ លានដុល្លារ ក៏ដូចជានាឡិកាប្រណីតដែលមានតម្លៃរហូតដល់ប្រហែល ៥០០,០០០ ដុល្លារក្នុងមួយគ្រឿង សម្លៀកបំពាក់ថ្លៃៗ កាបូប Hermès Birkin តម្លៃរាប់ម៉ឺនដុល្លារ និងជួលផ្ទះប្រណីតនៅ Los Angeles, Hamptons និង Miami។
ពួកគេក៏បានយកប្រាក់នោះទៅជួលយន្តហោះឯកជន និងជួលក្រុមអង្គរក្សផ្ទាល់ខ្លួនផងដែរ។ របាយការណ៍បង្ហាញថា លោក Lam និងបក្ខពួករបស់គេបានចំណាយប្រាក់រាប់រយរាប់ពាន់ដុល្លារដើម្បីចាយវាយនៅតាមក្លឹបរាត្រីរហូតដលទៅ៥៦៩,០០០ ដុល្លារក្នុងមួយលើកក្នុងទីក្រុង Los Angeles។
ក្នុងសវនាការជិតពីរម៉ោងកន្លះ លោក Lam បានបង្ហាញខ្លួនក្នុងឯកសណ្ឋានឆុតពន្ធនាគារពណ៌បៃតង និងអាវយឺតពណ៌ស ដោយឆ្លើយសំណួរតុលាការម្តងហើយម្តងទៀត និងការទទួលយកការពិតដែលបង្ហាញដោយអយ្យការ។ នៅពេលដែលចៅក្រមសួរថាតើគាត់បានសារភាពយ៉ាងដូចម្តេច លោក Lam បានដកដង្ហើមវែងៗមុនពេលឆ្លើយថា ខ្ញុំសារភាពកំហុស លោកចៅក្រម។
រាជអាជ្ញា Christopher Howland បាននិយាយថា លោក Lam បានដើរតួនាទីច្រើននៅក្នុងគម្រោងលួចនេះ ខណៈដែលព្រះរាជអាជ្ញាសហរដ្ឋអាមេរិក Jeannine Pierrot បាននិយាយថា ប្រសិនបើនរណាម្នាក់បង្កើតអាណាចក្រឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត អាជ្ញាធរនឹងតាមដានពួកគេ បង្ក្រាបបណ្តាញ និងនាំជនល្មើសមកកាត់ទោស។ លោកបានកំណត់អត្តសញ្ញាណលោក Lam ជាពិសេសថាជាអ្នកដឹកនាំបណ្តាញឧក្រិដ្ឋកម្មអន្តរជាតិដែលបានប្រើប្រាស់ការក្លែងបន្លំ រំលោភលើភាពឯកជនរបស់ជនរងគ្រោះ និងលួចប្រាក់ឌីជីថលរាប់រយលានដុល្លារ។
មនុស្សចំនួន ១៨ នាក់ត្រូវបានចោទប្រកាន់ក្នុងករណីនេះ ដោយលោក Lam គឺជាមនុស្សទី ១១ ដែលបានសារភាពកំហុស។ ករណីនេះជាលើកដំបូងដែលក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានប្រើប្រាស់ច្បាប់ RICO Act ដើម្បីចោទប្រកាន់ករណីទាក់ទងនឹង Bitcoin ហើយក៏រួមបញ្ចូលទាំងការចោទប្រកាន់ពីបទសមគំនិតក្លែងបន្លំតាមប្រព័ន្ធអេឡិចត្រូនិក និងការលាងលុយកខ្វក់ផងដែរ។ដោយលោក Lam ប្រឈមមុខនឹងការកាត់ទោសជាប់ពន្ធនាគារអតិបរមា ២០ ឆ្នាំ។
ទោះជាយ៉ាងណាក៏ដោយ ចៅក្រម Colleen Collar-Cotelli មិនទាន់បានកំណត់កាលបរិច្ឆេទកាត់ទោសជាផ្លូវការនៅឡើយទេ។ លោក Lam ត្រូវបានគ្រោងនឹងវិលត្រឡប់ទៅតុលាការវិញនៅថ្ងៃទី ៨ ខែធ្នូ ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃសំណុំរឿង ហើយគេរំពឹងថាតុលាការនឹងកំណត់កាលបរិច្ឆេទកាត់ទោសនៅពេលនោះ។
ពីមុន លោក Lam បានចំណាយពេលជាច្រើនខែពិចារណាថាតើត្រូវទទួលយកកិច្ចព្រមព្រៀងសារភាព ឬបន្តតស៊ូក្តីនៅក្នុងតុលាការ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់កិច្ចព្រមព្រៀងថ្មីមួយនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២៥ ហើយមេធាវីរបស់លោក Lam បាននិយាយនៅក្នុងសវនាការខែឧសភាថា វឌ្ឍនភាពគួរឱ្យកត់សម្គាល់ត្រូវបានធ្វើឡើងនៅក្នុងសំណុំរឿងនេះ ទោះបីជាកិច្ចព្រមព្រៀងជាផ្លូវការមិនទាន់ត្រូវបានប្រកាសក៏ដោយ។
បន្ថែមពីលើការកាត់ទោសជាប់ពន្ធនាគារ លោក Lam និងបក្ខពួករបស់គាត់ត្រូវបានបញ្ជាឱ្យសងប្រាក់ជាង ២៤៥ លានដុល្លារជាប្រាក់លួចទៅឱ្យជនរងគ្រោះវិញ។

ប្រភព៖ BBC

